Portfolio Project 5

Struggling will make you stronger

“ភាពស្ងៀមស្ងាត់ នៅពេលខ្លះវាមានតម្លៃជាងពាក្យ បរិយាយរៀបរាប់ដែលមិនអាចពន្យល់ឱ្យគេយល់បាន។ ការរក្សាបាននូវការចងចាំដ៏ស្ងៀមស្ងាត់វាប្រសើរជាងការដែលមានមនុស្សស្ដាប់ឮនូវអ្វីដែលយើងប្រាប់ ប៉ុន្តែគេមិនយល់អ្វីសោះ” ទង្វើល្អរបស់យើង មិនអាចធ្វើឱ្យមនុស្សគ្រប់គ្នារំភើបទេ វាមិនអាចមានមនុស្សគ្រប់គ្នាមករំភើប អបអរសាទរ ត្រេកអរ ជាមួយអ្វីដែលយើងធ្វើនោះទេ។ មនុស្សខ្លះ នឹងពោលសរសើរយើង ដើម្បីទទួលបានប្រយោជន៍ពីយើងទៅ។ មនុស្សខ្លះទៀត បន្តលើកទឹកចិត្តដល់យើងឱ្យខិតខំប្រឹងប្រែង គេនិយាយចេញពីបេះដូងនៃក្ដីស្រឡាញ់ពិតៗ។ មនុស្សខ្លះទៀតក៏និយាយបំបាក់ទឹកចិត្តរបស់យើង។ មានមនុស្សដែលគាំទ្រយើង ប៉ុន្តែវាមិនដូចជាការពេញចិត្ត និងជឿជាក់ចំពោះខ្លួនឯងដែលយើងអាចធ្វើបាននោះឡើយ។ មានមនុស្សដែលជឿលើយើងប៉ុន្តែវានៅតែមិនដូចជំនឿចិត្តដែលយើងត្រូវមានចំពោះខ្លួនឯង។ មានមនុស្សដែលរិះគន់យើង ប៉ុន្តែវាមិនមែនជាចុងបញ្ចប់ទេ បើយើងបោះបង់ចោលខ្លួនឯង និងមិនព្រមកែប្រែកំហុសខ្លួនឯង ទើបវាគួរឱ្យខ្លាច។ នៅលើវិថីជីវិតរបស់យើងម្នាក់ៗ មិនថាភាពរីករាយ ឬសុភមង្គលដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្ត ដែលយើងបង្កើត បាន វាគឺជាជម្រើសនៃជីវិតរបស់យើង។ បើយើងជ្រើសរើសគិតនិងរំលឹកពីរឿងអពមង្គលដែលយើងមិនចង់បាន មិនចង់ចួប មិនចង់ដឹង នោះវាប្រាកដណាស់ យើងនឹងគ្មានថ្ងៃសប្បាយចិត្តជាមួយលទ្ធផលរបស់ខ្លួនឯងទេ។ ថ្ងៃនេះមានមនុស្សពោលសរសើរខ្ញុំដើម្បីប្រយោជន៍!មានមនុស្សនិយាយរិះគន់ព្រោះការឈឺឆ្អាលចង់ឱ្យខ្ញុំបានល្អជាងមុន! មានមនុស្សដែលរិះគន់ហើយចូលរួមជួយខ្ញុំក្នុងការកែលំអ! ប៉ុន្តែវាក៏មានមនុស្សដែលគ្មានពាក្យសរសើរ គ្មានពាក្យកែលំអ និងមានត្រឹមតែពាក្យបំបាក់ទឹកចិត្តទាំងស្រុង។ គ្រប់គ្នាគិតបែបណា វាមិនមានអ្វីត្រូវឈឺក្បាលច្រើនទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសការគិតចំពោះរឿងណាមួយ នោះជាអ្វីដែលយើងត្រូវទទួលស្គាល់ដោយខ្លួនឯង។ ខ្ញុំមិនអាចជ្រើសរើសស្ដាប់តែពាក្យណាដែលគិតចង់ស្ដាប់ទេ ប៉ុន្តែខ្ញុំអាចជ្រើសរើសថាគួរតែចងចាំរឿងណាច្រើនជាង។ ពេលខ្លះខ្ញុំគិតថាការស្ងៀមស្ងាត់ ការមិននិយាយតបត វាជារឿងល្អបំផុតហើយ។ខ្ញុំមិនចង់មានរឿងមិនសប្បាយចិត្តច្រើនជាង១០នាទីទេ ព្រោះវាខាតពេលវេលានៃជីវិតរស់នៅរបស់ខ្ញុំ។

Technology